មុននិងចូលដល់សាច់រឿងពេញខ្ញុំបាទ សូមពន្យល់ខ្លីៗងាយយល់ដល់អ្នកដែលជាប់រវល់ច្រើនមិនអាចអានអត្ថបទពេញបាន។
ផែនការខ្មៅ Ponzi Scheme ៖ គឺជាការបោកប្រាស់របស់មនុស្សដែលមានឥទ្ធិពលក្នុងសហគមន៍ ពួកគេភាគច្រើត្រូវបានគាំទ្រដោយអ្នកណាម្នាក់ដែលមានអំណាច ឬពួកគេបង្កើតអំណាចដោយខ្លួនឯងមុននិងចាប់ផ្ដើមបោកអោយមានការចូលរួមវិនិយោគជាមួយ ដែលផ្ដល់មកវិញនូវផលចំនេញជាការប្រាក់ខ្ពស់ និងមានហានិភ័យទាបបំផុត ឬគ្មានហានិភ័យ ដោយលោកអ្នកមិនចាំបាច់ហត់នឿយគ្រាន់តែដេកស្រួលប្រាក់ចំនេញកើនឡើងស្រើតៗ មានឡានមានផ្ទះ ។ល។
ស្ដាប់ទៅងាយខ្លាំងណាស់ ស្រួលៗ ចំនេញខ្ពស់ចេះមានគំនិតបង្កើតលុយដោយមិនចាំបាច់ធ្វើការដើម្បីលុតទៀតទេ ហើយរឿងនេះក៏ជារឿងល្បីនៅកម្ពុជាផងដែរ។
អរគុណចំពោះការចំនាយពេលវេលារបស់អ្នក ជាមួយនិងអត្ថបទសិក្សារមួយនេះ យ៉ាងណាមិញខ្ញុំក៏មិនគិតថាការសរសេររបស់ខ្ញុំនេះទទួលបានការគាំទ្រ ឬមានអ្នកចូលរួមអានច្រើននោះដែរ។ គ្រាន់តែអ្វីដែលបានសរសេរចេញមកនេះក្នុងគោលដៅទីមួយ ជាអ្វីដែលខ្ញុំបានយល់ដឹងហើយកត់ត្រាទុកជាមេរៀន និងទីពីរជាចំណែកតិចតូចនៃអ្នកសិក្សាស្រាយជ្រាវជំនាន់ក្រោយ គាត់ងាយស្រួលស្វែងរកអត្ថបទសិក្សាដែលមានប្រភពនិងអំណះអំណាងត្រឹមត្រូវស្រួលចែករំលែកបន្ដ និងបានយល់ដឹងខ្លះមិនងាយធ្លាក់ចូលអន្ទាក់នៃការបោកបញ្ចោទរបស់អ្នកកេញចំនេញលើ ញើសឈាមគេ។ ហើយក៏ស្របជាមួយពេលវេលា ដែលប្រទេសរបស់យើងកំពុងតែមានល្បិចបោកប្រាស់គ្រប់ទម្រង់ និងកាន់តែទំនើបផងនោះ ប្រជាពលរដ្ឋដែលមិនសូវបានទទួលការសិក្សាពីយុទ្ធសាស្រ្តគាត់ប្រាកដណាស់ ងាយធ្លាក់ចូលអន្ទាក់ដោយមិនដឹងខ្លួន។ ក្នុងអត្ថបទស្រាវជ្រាវនេះ ខ្ញុំសង្ឃឹមថាបានចែករំលែកតិចតូចដែរទៅកាន់អ្នកកំពុងស្វែងរកអត្ថបទសិក្សា។
1. យល់ដឹងពីប្រវត្តិខ្លះៗ របស់តួអង្គយើងជាមុនសិន
ចូលមកកាន់សាច់រឿងយើងវិញជាដំបូងខ្ញុំបាទសុំពន្យល់លំអិតពីប្រភពនៃពាក្យរបស់គម្រោងការ Ponzi នេះ។ គ្រោងការណ៍ក្លែងបន្លំនេះ ត្រូវបានដាក់ឈ្មោះតាមលោក Charles Ponzi លោកជាបុរសម្នាក់់ដែលជាពានិជ្ជករល្បីក្នុងប្រវត្តិសាស្ត្រអាមេរិកគាត់អាចប្រែក្លាយខ្លួនពីអ្នកក្រត្រឹមលុយ 2.5ដុល្លារទៅជាលានដុល្លារក្នុងពេលមិនដល់ ១ឆ្នាំ គាត់មានកំណើតនៅក្នុង Lugo, Emilia-Romagna ប្រទេស អ៊ីតាលី។ Charles Ponzi កើតនៅថ្ងៃទី 3 ខែ មីនា ឆ្នាំ 1882 លោកបាននិយាយថាលោកមកពីគ្រួសារ Parma ដែលជាគ្រួសាអ្នកមានមួយនៅ ប្រទេស អ៊ីតាលីផងដែរ។ គាត់ការពិតកើតមកក៏មិនមែនជាអ្នកក្រខ្សត់ណាស់ណាដែរ គ្រួសារគាត់ជាគ្រួសារវណ្ណៈកណ្ដាលមួយ តែយ៉ាងណាមិញគាត់បានឈប់រៀននៅត្រឹមអាយុ 13 ឆ្នាំដែលកំឡុងពេលនោះគ្រួសាររបស់គាត់មានបញ្ហាប្រឈមជាមួយនិងរឿងហិរញ្ញវត្ថុ។ Ponzi បន្ទាប់ពីបានឈប់រៀនគាត់បានព្យាយាមរកប្រាក់ដើម្បីជួយគ្រួសារគាត់នៅពេលនោះ។ គាត់បានធ្វើអន្ដប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 15 វិច្ឆិកា ឆ្នាំ 1903 ក្នុងគោលដៅដោះស្រាយបញ្ហាជីវភាពឲកាន់តែប្រសើរឡើងមកវិញ ដោយនៅពេលនោះគាត់បានទៅដល់ក្រុង Boston ជាមួយនិងសាច់ប្រាក់ក្នុងហោរបៅតែ 2.5 ដុល្លារតែប៉ុណ្ណោះ (គិតតាមអត្រាលុយពេលនេះស្នើនិងប្រមាណ 84$ 2024) ។ នៅពេលនោះផងដែរគាត់បានប្រាប់ទៅការសែត The new york time (ជាការសែតដ៏ល្បីមួយនៅអាមេរិកបង្កើតឡើងនៅថ្ងៃទី 18 កញ្ញា ឆ្នាំ 1851) របស់អាមេរិកថា «ខ្ញុំជាន់លើដីអាមេរិកនេះជាមួយតែទឹកប្រាក់ 2.5 ដុល្លារតែក្ដីសង្ឍឹមរបស់ខ្ញុំគឺ 1 លានដុល្លារ» នៅលើទឹកដីអាមេរិកនេះផងដែរគាត់បាន ធ្វើការងារមួយចំនួនដូចជា៖ អ្នករត់តុ អ្នកលាងចាន នៅមុនពេលដែលគាត់បានចូលទៅធ្វើការនៅធនាគារ ហើយក៏ជាមូលដ្ឋានគ្រឹះដែលគាត់ចាប់ផ្ដើមស្វែងយល់និងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ក្នុងគោលដៅជីវិតដ៏វែងឆ្ងាយគ្មានកោះត្រើយនេះ គាត់បានដេកនៅលើឥដ្ឋនិងខិតខំធ្វើកា តាំងពីអ្នកលាងចានរហូតបានប្ដូរតួនាទីទៅជាអ្នករត់តុជាមួយប្រាក់កម្រៃលើសមុនតិចតូច។ យ៉ាងណាមិញគាត់ក៏ត្រូវបានម្ចាស់ហាងបញ្ឍប់ពីការងារដោយមូលហេតុនៃការលួច។ លំអិតបន្ដនៃការងារគាត់ជាអ្នកធ្វើការនៅធនាគារ ឆ្នាំ 1907 ក្រោយពីបរាជ័យការងារ គាត់បានរត់ទៅរស់នៅទីក្រុង Montreal រដ្ឋ Quebec ប្រទេសកាណាដា ហើយបានក្លាយជាជំនួយការនៅក្នុងធនាគារ Banco Zarossi ដែលទើបនឹងបើកថ្មីក្នុងពេលនោះ ដែលជាធនាគារមានទីតាំងនៅផ្លូវ Saint Jacques។ នៅក្នងពេលនោះហើយជាដើមកំណើតនៃការបោកប្រាស់ Ponzi ដែលលោកចាប់ផ្ដើមនឹកឃើញវាមកតែមិនទាន់ចាប់ផ្ដើមភ្លាមនោះទេ។ លោកបានរៀនវិធីបោកប្រាស់ជាមួយធនាគារដែលគាត់ធ្វើការ ដែលដំបូងគ្រោងការនេះត្រូវបានគេហៅថា "To robbing Peter to pay Paul" ។
2. តំរុយនៃគោលដៅបោកប្រាស់ Ponzi ចាប់ផ្ដើមលេចរូបរាងព្រោះតែភាពលំបាក និងការហ៊ានប្រព្រឹត្តិកំហុសម្ដងហើយម្ដងទៀតរបស់គាត់
យើងបានយល់ដឹងរួចហើយថា ដើមចមនៃគោលគំនិតបោកប្រាស់នេះគឺដោយសារ Ponzi បានធ្វើការនៅធនាគារ ដែលនាំឲគាត់យល់ដឹងពីផ្នែកហិរញ្ញវត្ថុ។ ស្តិតក្នុងការការងារនោះផងដែរកាត់បានរៀសូត្រយ៉ាងឆាប់រហ័ស ហើយវិវត្តន៍ខ្លួនទៅជាអ្នកគ្រប់គ្រងធនាគារ Zarossi។ ដោយសារនៅពេលនោះធនាគារបានទទួលប្រាក់បញ្ញើររបស់អតិថិជនជាមួយការប្រាក់ដ៏ខ្ពស់រហូតដល់ ៦% តែការយកប្រាក់ទៅវិនិយោគបន្ដរបស់ពួកគេលើវិស័យអចលនទ្រព្យបែជាមិនទទួលបានផលល្អប្រសើរនោះទេ។ ស្របគ្នានោះផងដែរធ្វើអោយធនាគារចាប់ផ្ដើមមានហានិភ័យហិរញ្ញវត្ថុមិនអាចបង់ប្រាកការ ជូនទៅអតិថិជនបានទាល់ពេលវេលា តែពួកគេបានជ្រើសរើសដំណោះស្រាយដោយប្រមូលយកយកអ្នកដាក់ប្រាក់បញ្ញើរថ្មីៗ ឲបានច្រើនរួចយកលុយអ្នកបណ្ដាក់ទុកថ្មីនោះទៅបើកបន្ដអោយទៅអ្នកចាស់។ រំវិលជុំនៃចរន្ដហិរញ្ញវត្ថុដែលគ្មានលំនិង និងខ្វះប្រភពចំនូលច្បាស់លាស់នេះមិនយូរប៉ុន្មានធនគារក៏បរាជ័យ។ នៅពេលនោះហើយលោក Ponzi ក៏បានរត់ភៀសខ្លួនទៅរស់នៅប្រទេស ម៉ិកសិក ជាមួយសាច់ប្រាក់មួយចំនែកធំរបស់ធនាគារ។ ក្នុងការទៅដល់លោករស់នៅផ្ទះរបស់ក្រុមហ៊ុនធនាគារ Zarossi បន្ទាប់ពីប្រាក់ដែលបានយកទៅជាមួយប្រើការអស់ គាត់ចាប់ផ្ដើមរកវិធីសាស្រ្តដើម្បីស្វែងចំនូលបន្ថែមក្នុងគោលដៅចង់ទៅបើកមុខរបរថ្មីនៅសហរដ្ឋអាមេរិក គិតហើយគាត់ក៏បានត្រឡប់ទៅការិយាល័យធ្វើការចាស់នៅធនាគារ តែពេលទៅដល់ពុំមានអ្នកណាម្នាក់នៅធ្វើការទៀតទេ គាត់ក៏បានចូលទៅក្នុងការិយាល័យទុកឯកសារអតិថិជនដើម្បីស្វែងរកអ្វីមួយដែលអាចដោះស្រាយបញ្ហារបស់ពេលនោះបាន។
ដោយចៃដន្យគាត់បានរកឃើញឯកសារ សៀវភៅមូលបទានប័តហើយក៏សរសេរវាដោយខ្លួនឯ ក្នុងចំនួនសាច់ប្រាក់ចំនួន 423.58 ដុល្លារ ដោយបន្លំហត្ថលេខារបស់ម្ចាស់ធនាគារគឺលោក Damien។ តែមិនអាចរួចខ្លួនបានទេឯកសារនោះមានអ្នកធ្វើការនៅធនាគារសង្ស័យហើយប្លឹងប៉ូលីស ដោយមិនបានរត់គេចខ្លួនទៅណា គាត់បានប្រគល់ខ្លួនជូនប៉ូលីស។ នៅពេលនោះគាត់បែជាប្រាប់ម្ដាយថាខ្លួន មិនមានកំហុសអ្វីនោះទេ គាត់បានសរសេរសំបុត្រមួយច្បាប់ជួនទៅម្ដាយគាត់ថា ពេលនោះគាត់មានការងារថ្មីដែលល្អនៅក្នុងគុកជា ជំនួយការពិសេសឆ្មាំគុក តែប៉ុណ្ណោះ។
បន្ទាប់ពីការដោះលែងនៅឆ្នាំ 1911 លោក Ponzi បានសម្រេចចិត្តត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ប៉ុន្តែបានចូលរួមក្នុងគម្រោងមួយរបស់ក្រុមសង្គមងងឹតដើម្បីរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់អ៊ីតាលីឆ្លងកាត់ព្រំដែនចូលទឹកដីអាមេរិក។ មិនយូរប៉ុន្មាន Ponzi ក៏ត្រូវបានគេចាប់ខ្លួនម្ដងទៀត ហើយជាប់ពន្ធនាគារចំនួនពីរឆ្នាំនៅក្នុងពន្ធនាគារ Atlanta ។ ពេលជាប់ក្នុងគុកគាត់បានក្លាយទៅជាអ្នកបកប្រែអោយឆ្មាំគុកពីការចាប់បានសំបុត្ររបស់ពូក Ignazio "The Wolf" Lupo (ក្រុមនេះជាក្រុមអ្នកលេងខ្មៅងងឹតមួយមួយនៅលើទឹកដីអាមេរិកក្នុងឆ្នាំទស.វ 1900 ដែលមានឈ្មោះពេញថា Ignazio Saietta ឬ Lupo the Wolf) ។ Ponzi ស្ថិតក្នុងគុកដោយឧបនិស្ស័យខាងខិលខូចលោកក៏បានស្គាល់និងស្និតស្នាលជាមួយសមាជិកក្រុម The Wolf ម្នាក់ដែលជាអ្នកទោសដូចគ្នាមានឈ្មោះថា Charles W. Morse។ Morse គឺជាអ្នកជំនួញ ដ៏មានស្តុកស្តម្ភម្នាក់ខាងរកស៊ីអំពើរខ្មៅងងឹត គាត់ត្រូវបានដោះលែងពីពន្ធនាគារភ្លាមៗ ដោយសារគាត់ជាអ្នកមាន។ តែ Ponzi ត្រូវបានជាប់គុកបន្ដចំនួន ១ខែទៀតទោះជា Morse ព្យាយាមជួយដោះស្រាយក្ដីជូនគាត់ ដោយសាកាលនោះ Ponzi ពុំមានប្រាក់លោះខ្លួនចំនួន 50 ដុល្លារ។
3. ជីវិតថ្មីក្រោយចេញពីគុក ជាមួយនារីជាភរិយា
បន្ទាប់ពីត្រូវបានមិត្តភ័កថ្មីដែលស្គាល់គ្នាក្នុងគុកនោះជួយដោះស្រាយ មិនយូរប៉ុន្មានគាត់បានចេញពីគុកដោយជោគជ័យ។ ហើយក៏បន្ដជីវិតជាអ្នកធ្វើការនៅក្នុងជំរុំជីករករ៉ែមួយកន្លែងនៅក្នុងរដ្ឋ Boston សហរដ្ឋាអាមេរិក។ នៅក្នុងការធ្វើការនេះមានឧបទ្ទវហេតុមួយបានកើតឡើងនៅកន្លែងធ្វើការ ដោយ Pearl Gosid ជាអ្នកបម្រើការផ្នែកគិលាននុបដ្ឋាយិការងរបួសក្រោយពីរងការរលាក់លើស្បែក ហើយ Ponzi បានជួយសង្រោះនាងដោយព្រមកាត់ស្បែកជើងរបស់ខ្លួនដែរស្មាមរបួសជួននាងទោះជាមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ។ ដោយសារការលះបង់នេះផងដែរនាំឲគាត់មិនអាចធ្វើការបន្ដទៀតនោះទេ គាត់ត្រូវបង្ខំចិត្តលាលេងពីការងារ។
មកដល់វគ្គនេះមុននិងចាប់ផ្ដើមអានអត្ថបទបន្ត ខ្ញុំសុំឲលោកអ្នកសាកល្បងគិតលេងសិនថានេះជាសេចក្ដីស្នេហាថ្មីថ្មោងរបស់គាត់ជាមួយនារីពេទ្យនេះ តើមែនអត់? ទាយសិនចាំអានបន្ដ!
ក្រោយមកលោកបានបន្ដស្វែងរកការងារថ្មី នៅក្នុងរដ្ឋ Boston ដដែល ជាចៃដន្យឬនិស្ស័យពេលនោះលោកក៏ចាប់ផ្ដើមមានទំនាក់ទនងទៅលើ នារីម្នាក់ក្នុងរដ្ឋនោះ ដែលនាងមានឈ្មោះថា Rose Maria Gnecco។ Gnecco មានមុខរបរជាអ្នកសរសេរអត្ថបទ ឬហៅថា Stenographer (ដោយពាក្យនេះខ្ញុំមិនចេះដូចគ្នា ចឹងសុំសរសេរពន្យល់តាមវចនានុក្រមថា ជាប្រភេទការងារដែលសរសេរអត្ថបទបកប្រែភាសាខ្លីៗ) Rose Maria Gnecco នាងក៏មានហាងមួយកន្លែងស្ថិតនៅចំកណ្ដាលក្រុង Boston ផងដែរ ជាហាងលក់ផ្លែឈើស្រស់តូចមួយ។ ក្នុងភាសាទំនាក់ទំនងគ្នាជាលើកដំបូងនេះលោកមិនដែលប្រាប់ពីជីវប្រវត្តិពិតទៅកាន់នាងទេ Ponzi តែងតែព្យាយាមលាក់បាំងនិងសម្ដែងថាខ្លួនស្អាតស្អំ តែយ៉ាងក៏ដោយម្ដាយលោក Ponzi បានលួចសរសេរសំបុត្រប្រាប់ការពិតទៅកាន់ Rose Maria Gnecco រួចអស់ទៅហើយថាលោកធ្លាប់ធ្វើអ្វីនិងធ្លាប់ជាប់គុក។ ដោយសេចក្ដីស្រលាញ់ស្មោះស្ម័គ្រនាងក៏មិនប្រកាន់អតីតកាល ក្រោយស្គាល់គ្នាមិនបានប៉ុន្មានខែផង ពួកគេទាំងពីរក៏បានរៀបការនៅឆ្នាំ 1918។
ក្រោយពីក្លាយជាប្ដីប្រពន្ធនិងគ្មានមក Ponzi បានជួយម្ដាយ ឪពុកក្មេករបស់គាត់ធ្វើការជាអ្នកលក់គ្រឿងទេស និងធ្វើការជាមួយក្រុមហ៊ុននាំចូលមួយឈ្មោះ Jr-Pool ក្នុងការធ្វើការគាត់មិនមានលទ្ធផលល្អជាមួយការងារប៉ុន្មានទេ តែរយះពេលខ្លីប៉ុន្មានខែសោះក្រុមហ៊ុនក៏បរាជ័យបន្ដបន្ទាប់ទាំងអាជីវកម្មរបស់ម្ដាយ ឪពុកក្មេង។ គាត់ជួបតែរឿងបរជ័យដដែលហើយដដែលទៀតផ្ទួនៗ។
4. គោលគំនិតនៃការលេចរូបរាងឡើងរបស់គោលការណ៍បោកប្រាស់ Ponzi
នៅក្នុងឆ្នាំ 1919 នេះផងដែរលោក Pomzi ក៏បានចាប់ផ្ដើមបើកការិយាល័យតូចមួយស្របពេលដែល កំឡុងឆ្នាំនោះប្រព័ន្ធ Trade IRC (international reply coupon) កំពុងតែមានមាកានិយមប្រើប្រាស់ក្រោមសង្គ្រាមលោកលើកទី១ អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុងដំណាក់កាលលូតលាស់មកវិញ ក៏ជាមួយគ្នានេះដែរ លោកបានរកឃើញចន្លោះប្រហោងនៃវិធីសាស្រ្តស្វែងរកចំនូលតាមរបៀបថ្មី ដោយពេលនេះអត្រារូបិយបណ្ណមានតម្លៃមិនស្នើគ្នា លោកឆ្លៀតឱកាសនេះទិញលក់ប័ណ្ណបញ្ចុះតម្លៃនេះរវាងទីផ្សាអន្ដរជាតិ ជាមួយការិយាល័យរបស់គាត់បើកនៅវិធី 27 School Street, Boston។
បណ្ណ IRC នេះផងដែរគឺជាវិធីក្នុងការផ្ញើតាមរយះប្រៃសណីយ៍ដែលប្រទេសផ្សេងៗគ្នាធ្វើការដោះដូរឥវ៉ាន់ផ្សេងៗ រវាងប្រទេសនិងប្រទេស។ ប័ណ្ណប្រៃសណីយ៍នេះដែរ វាមានតម្លៃមិនដូចគ្នាទៅតាមប្រទេសផ្សេងៗគ្នា ហើយអាចទិញលក់ដោះដូរតែមបាន។ សម័យកាលនោះ អតិផរណា នៅប្រទេសអ់ីតាលីធៀបជាមួយប្រទេសអាមេរិកគឺខុសគ្នាឆ្ងាយណាស់ ការដោះដូរតែមប្រៃសណីយ៍រវាងប្រទេសទាំងពីរនេះ អាចមានចន្លោះប្រហោងសម្រាប់លោក Ponzi ឆ្លៀតឱកាសទិញលក់យកចំនេញបាន។
ខ្ញុំបាទសុំពន្យល់បន្ថែមលើ អត្រានៃការទិញលក់ប័ណ្ណ និងពាក្យថាអតិផរណាសិន៖
- អតិផរណា ៖ មានន័យថា គឺជាការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មដែលអ្នកអាចទិញបាន។ នេះមានន័យថា ប្រសិនបើអតិផរណាឡើងខ្ពស់ វាមានន័យថាតម្លៃទាំងអស់ក៏កើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ឧទាហរណ៍៖ អ្នកបានទិញស្ពៃតម្លៃ 500រៀលកាលពីម្សិលមិញ រួចថ្ងៃនេះអ្នកទិញរបស់ដដែលតែមានតម្លៃកើនឡើងដល់់ 700 រៀល។ ហើយអតិផរណានេះផងដែរមិនមែនសុទ្ធតែទំនិញឡើងថ្លៃហៅថាអតិផរណានោះទេគឺមានប្រភពវាស់វែងត្រឹមត្រូវតាមប្រពន្ធសេដ្ឋកិច្ច។ ចំនុចពិសេសនៅពេលដែលចំនូលរបស់ប្រជាជនរកបានតែ 10,000រៀលក្នុងមួយថ្ងៃតែរបបអាហារដែលចាំបាច់របស់លោកអ្នកអាចមានតម្លៃខ្ពស់ដល់ទៅ 15,000រៀលទើបអាចបានញាំឆ្អែតគ្រប់គ្រាន់នេះក៏ហៅថា អតិផរណាដែរ។
- អត្រានៃការទិញលក់ប័ណ្ណ ៖ ចំនុចនេះគេរកឃើញប្រាក់ចំនេញនៅពេលដែលថ្លៃដើមទិញចូលទាបតែលក់វិញបានតម្លៃខ្ពស់ គឺទិញថោកនៅអ់ីតាលី លក់វិញនៅអាមេរិកចំនេញខ្ពស់។
នៅគ្រានោះគាត់បានមើលឃើញផលចំនេញខ្ពស់ពីការទិញលក់ ប័ណ្ណនេះរហូតដល់ទៅ 400% ឯនោះ។ ដោយមើលឃើញចំណុចទាំងនេះហើយ ស្របជាមួយការងារគាត់ចេះតែបរាជ័យមិនមានលទ្ធផលល្អផងគាត់ក៏បានលាឈប់ពីការងារ ហើយបន្ដពង្រឹងគ្រោងការណ៍មុខរបររបស់គាត់នេះឲរីកចំរើនទៅមុខបន្ថែម។ លោក Ponzi បានទៅខ្ជីលុយពីធនាគារ និងខ្ជីលុយពីមេចាស់របស់នៅកន្លែងដែលគាត់ធ្វើការ តែគ្មានអ្នកណាម្នាក់ទុកចិត្តនិងជឿជាក់លើគាត់នោះទេ។ ពេលនោះហើយគាត់បានទៅបបួលមិត្តភ័កដែលធ្លាប់ស្គាល់មករកស៊ីជាមួយគ្នា និងព្យាយាមគៀងគរ សាធារណជនឲជឿងលើគាត់មកដាក់ប្រាក់វិនិយោគជាមួយគាត់ ជាមួយការសន្យាថានិងផ្ដល់អត្រាការប្រាក់ទៅវិញយ៉ាងខ្ពស់ក្នុងរយះពេលតែ ៩០ ថ្ងៃ ស្រមពេលដែលធនាគារនៅពេលនោះបានដាក់អត្រាប្រាក់សន្សំទៅអតិថិជនតែ ៥% ប៉ុន្នោះ។ លោកបានពន្យល់ទៅពួកគេពីផលចំនេញដែលអាចរកបានមកវិញយ៉ាងងាយស្រួលក្នុងពេលខ្លីនិងមានតម្លៃខ្ពស់ក្នុងការរកស៊ីជាអ្នកទិញលក់ប័ណ្ណប្រៃសណីយ៍។ មានន័យថាបើសិនជា អ្នកចូលរួមវិនិយោគជាមួយគាត់ដែលបានដាក់ប្រាក់ចំនួន 1,250 ដុល្លារនិងអាចរកប្រាក់ត្រឡប់ទៅវិញយ៉ាងច្រើនរហូតដល់ 750 ដុល្លារ ចំនួននេះពិតជាច្រើនស្មើនិងពាក់កណ្ដាលនៃលុយសន្សំដំបូងទៅហើយ ជាចំនុចពិសេសនៃការវិនិយោគនេះ ធ្វើអោយម្នាក់ៗ ពិតជាចង់បានព្រោះវាងាយស្រួលបានលុយមកវិញច្រើន ហើយមិនចាំហត់។
5. គោលការណ៍បោកប្រាស់ របស់គាត់ចាប់កំណើតពេញលេញ
ស្ថិតក្នុងខែ មករា ឆ្នាំ 1920 លោកបានបើកដោយជោគជ័យនូវមុខរបរបសគាត់ ជាអ្នកគៀងគររកវិនិយោគទុនឬការការដាក់សន្សំដើម្បីបានការប្រាក់ខ្ពស់ គាត់ចាប់ផ្ដើមមានក្រុមហ៊ុនផ្ទាល់ខ្លួនដែលជាផ្សារមូលលបត្រដំបូង។ ការវិនិយោគដែលគាត់ទទួលបានពីដៃគួ នៅគ្រានោះមានមនុស្សចំនួន 18 នាក់ដែលស្មើនិងទឹកប្រាក់វិនិយោគ 1800 ដុល្លារ។ គាត់ពិតជាសប្បាយចិត្តនូវលទ្ធផលការងារនេះ ហើយលោក Ponzi បានបង្កើតមហិច្ចតាលើសលប់ពីអ្វីដែលគាត់អាចទៅរួចនៅពេលនោះ គឺធ្វើយ៉ាងណារកលុយឲបានខ្ទង់លានក្នុងពេលដ៏ខ្លី។
មួយខែក្រោយមកគាត់បានបង់ការប្រាក់ជូនទៅដៃគួរ ឬអ្នកដាក់ទុកបញ្ញើរសន្សំវិញជាមួយអត្រាការប្រាក់ខ្ពស់ដែលធ្វើឲពួកគេស្បាយចិត្តនិងការវិនិយោគដ៏ប្រសើរនេះ ដោយថែមទាំងកុហកថា ជំនួយនៃការទិញលក់ប័ណ្ណភាគហ៊ុន និងកាជួញដូរប័ណ្ណប្រៃសណីយ៍របស់គាត់ដំណើរការល្អ។ អ្វីៗគ្រាន់តែជាពាក្យបោកប្រាស់សេចក្ដីទុកចិត្តក្នុងជំនួយគាត់ប៉ុណ្ណោះទេ ការពិតលុយនោះជាលុយអ្នកដាក់ទុននោះឯង គាត់ដកមួយចំនែកតូចាសងទៅពួកគេវិញ។ មិនយូរប៉ុន្មានដល់ត្រឹមខែពីរ កុម្ភៈ ឆ្នាំ 1920 ដដែលនេះ គាត់អាចរកអ្នកវិនិយោគបន្ថែមបានរហូតដល់ 5,000 ដុល្លារ (គឺកើតឡើងដល់ 270%មួយរំពេច)។ និងកាន់តែពិសេសក្នុងខែ មីនា មួយខែក្រោយមកទៀតលោកអាចរក អ្នកដាក់ទុនចូលរួមដល់ទៅ 25,000 ដុល្លារ។ នៅពេលដែលគ្រោងការណ៍របស់គាត់ទទួលបានជោគជ័យគួរឲកត់សម្គាល់នេះគាត់បានជួលភ្នាក់ងារ គៀងគការវិនិយោគដែលមានជំនាញនិងមានឥទ្ធិពលក្នុងការនិយាយ មានភាពប៉ិនប្រសបមកជួយគាត់ហើយផ្ដល់ជូននូវ តម្លៃជើងសារដ៏ខ្ពស់ផងដែរ ធ្វើមេចឲតែជំនួញមួយនេះបានជោគជ័យបន្ថែម។ ក្រុមការងារគាត់បានប្រើសីលវិធីក្នុងការនិយាយដ៏មានជំនាញដើម្បីទាក់ទាញអ្នកវិនិយោគនៅ New England និង New Jersey ។ ដោយជំនាញនៃកានិយាយ ព្រមទាំងមានដៃជើងដែលមានភាពប៉ិនប្រសបលើការងារផងនោះ អាចជួយការងារគាត់បានល្អហើយនោះគាត់ក៏ពង្រីកមហិចតាបន្ថែមឲកាន់តែធំជាងមុនទ្វេដង។ មកដល់ខែ ឧសភា ឆ្នាំ 1920 តែកន្លះឆ្នាំដែលគាត់បើកដំណើរក្រុមហ៊ុនវិនិយោគនេះឡើង គាត់អាចស្វែងរកអ្នកវិនិយោគរហូតដល់ទឹកប្រាក់កើនចំនួន 420,000 ដុល្លារ (មួយរយម្ភៃពាន់ដុល្លារអាមេរិក) ឬអាចស្មើនិង 6,100,000 ដុល្លារ (ប្រាំមួយលាន មួយរយពាន់ដុល្លារអាមេរិកនៅឆ្នាំ 2024)។ ឈានចូលខែមិថុនា មួយខែក្រោយមកទៀតគាត់រកបានដល់ទៅ 2.5 លានដុល្លារភ្លាមៗ។ លុះចូលដល់ខែ កក្កដា គាត់កាន់តែរីកចំរើនលើសលប់ដែលអាចរកបានជិតមួយលានដុល្លារក្នុងមួយថ្ងៃឯនោះ។ នេះជាភាពរីកចំរើន មហាលោតផ្លោះបោះគាត់មែន ប្ើរពេលមិនដល់មួយឆ្នាំផងគាត់រកបានខ្ទង់លានដុល្លារបាត់ហើយ។
មកដល់ពេលនោះលោកអ្នកប្រហែលជាចាំពីដើមអត្ថបទ ដែលគាត់និយាយថា «ខ្ញុំមកជាន់ដីអាមេរិកជាមួលុយ 2.5ដុល្លារតែក្ដីសង្ឃឹមគឺ 1លានដុល្លារ» ត្រង់ចំណុចនេះអ្នកសិក្សា Operacy ប្រាកកត់ជាធ្លាប់លឺពីពាក្យថាមហិច្ចតា ហើយអ្នកខ្លះក៏បានដាក់គោលដៅខ្លួនឯងរួចហើយ ថានិងមានមហិច្ចតា ធ្វើកិច្ចអ្វីមួយឲដល់កំរិតណាមួយដែលខ្លួនចង់បាន។ ត្រូវចាំថាមហិច្ចតា មិនមែនចេះតែកំណត់ដោយផ្លូវគំនិតនិងចិត្តអារម្មណ៍ របស់លោកអ្នកគិតថាចង់បាននោះទេ តែវាត្រូវវាស់វែងដោយទង្វើនិងចំណេះដឹងដែលលោកអ្នកមានបូករួមទាំងកក្កតាជំរុញផ្នែកធនធានតម្រូវការចាំបាច់ ទើបអាចគាំទ្រដល់មហិច្ចតារបស់លោកអ្នកបាន។
តោះមកបន្ដសាច់រឿងរបស់យើងវិញ ពេលដែលគាត់រកលុយបានជាមួយចំនួនដែលច្រើនគាត់បានយកលុយទៅដាក់បញ្ញើរសន្សំជាមួយធនាគារមួយដែលមានឈ្មោះថា Hanover Trust Bank of Boston (ជាធនាគារតូចមួយនៅផ្លូវ Hanover) ហើយគាត់ក៏បានបញ្ជុះបញ្ចូលប្រធានធនាគារឲចូលរួមវិនិយោគជាមួយគាត់ផងដែរ។ ក្នុងពេលនោះគាត់មានការល្បីល្បាញខ្លាំងហើយ អាចរកចំនូលបានយ៉ាងច្រើនសន្ធឹកសន្អាប់មិននឹកស្មានដល់ ដែលដែលអ្នកខ្លះព្រោះតែសេចក្ដីលោភលន់ ចិត្តចង់បានមិនចេះគ្រប់ពួកគេបាន យកការប្រាក់នោះដាក់វិនិយោគបន្ដដោយមិនដកមកសូម្បី១សេន គឺដាក់បង្គរតកន្ទុយគ្នាជាច្រើនលើកច្រើនសារ មានទាំងអ្នកខ្លះទៀតបានលក់ឡានមកដាក់ បញ្ចំដី បញ្ចំផ្ទះជាមួយធនាគារមក ដាក់មានគ្រប់រូបភាពតែម្ដង។ (*** មកដល់ចំនុចនេះខ្ញុំបានស្រមៃថយក្រោយចូលឆ្នាំ 2007 នៅកម្ពុជាគ្រានោះជាកំណើនដំបូងៗនៃវិនិយោគចិនមកកម្ពុជា លំហូរវិនិយោគនេះផងដែរក៏ចូលមកទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយគ្រានោះមានក្រុមហ៊ុនមួយឈ្មោះថា EBC បានគៀងគរប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ឲចូលរួមដាក់លុយវិនិយោគ សន្សំយកចំនេញជាមួយពួកគេដោយសន្យាថាបានអត្រាការប្រាក់ខ្ពស់ មានចំនេញមិនចាំហត់ ដែលអ្នលខ្លះលក់ផ្ទះ លក់ដីលក់ឬបញ្ចំអ្វីៗដែលអាចដោះដូរជាលុយបាន យកមកដាក់វិនិយោគផ្លុកទឹកផ្លុកដី)
រឿងនេះចេះតែបន្ដមកជាហូរហែរ ដោយអ្នកដាក់លុយថ្មីក៏ចេះតែមានបន្ដៗ ហើយលុយដែលបានមកលោក Ponzi មិនបានយកទៅបង្កើតចំនូលអ្វីនោះទេ ពោលគឺគ្រោងការទិញលក់ប័ណ្ណព្រៃសណីយ៍របស់គាត់ក៏មិនបានធ្វើដែរ គាត់យកលុយគេសងទៅគេវិញជារំវិលជុំពីម្នាក់ទៅម្នាក់ ឡើងវិលក្បុង។ ចំនុចកាន់តែរសើបមួយទៀត លោក Ponzi មិនរើសអើងផងដែរឲតែមានលុយវិនិយោគមិនថាអ្នកណាដាក់លុយ ១ដុល្លារ ២ ដុល្លារ អ្នកចែកចាយការសែត អ្នកធ្វើការតូចធំ យ៉ាងណាក៏គាត់ទទួលមិនរើសមុខផងដែរ មន្រីប៉ូលីសដែលនៅក្នុងក្រុង Boston ដល់ទៅ 75% ក៏បានដាក់ការវិនិយោគជាមួយគាត់។ រួមទាំងអ្នកដែលគាត់ជិតស្និតអ្នកដែលមានទួនាទីខ្ពស់នៅក្នុងសង្គមពេលនោះគាត់បានព្យាយាមរកវិធីបញ្ចុះបញ្ចូល និងរាប់អានពួកគេឲបានល្អប្រសើរ ដើម្បីទាញយកសេចក្ដីទុកចិត្តបន្ថែមពីមហាជនទូទៅ និងឆ្លៀតគៀងគរគេមកដាក់ប្រាក់។
យោងតាមការសន្យារបស់គាត់ជាមួយអ្នកវិនិយោគដំបូងចំនួន 18នាក់ ស្នើរនិងទឹកប្រាក់ 1,800 កាលពីដើមឆ្នាំខែ មករា មក គាត់បានរកឃើញថាសាច់ប្រាក់ដែលត្រូវសងត្រឡប់បើធៀបជាមួយអត្រាការប្រាក់ដែលគាត់សន្យាពេលនេះវាមានតម្លៃកើតឡើងខ្ពស់ណាស់ហើយ រហូតដល់ទៅ 53,000 ដុល្លារទើបទូទាត់ត្រឡប់ទៅគេវិញបាន ចុះបើគិតទាំងអ្នកក្រោយដែលបានលុយចូលបានដល់ខ្ពង់លានហើយនោះតើគាត់និងលុយឯណាបង់សងទៅពួកគេវិញ។ ចំនួននេះពិតជាច្រើនហើយក៏ពិបាករកលុយដោះទាល់ តើដល់ពេលនេះគាត់មានអ្វីដោះស្រាយពីសន្យាខ្សល់របស់គាត់បាន? យ៉ាងហោចណាស់គ្រានោះគាត់មិនទាន់ចប់ទាំងស្រុងនោះទេ ដោយសារការត្រៀមជើងព្រួលរបស់គាត់រួចរាល់ហើយ គឺគាត់មានអ្នកមានអំណាចក្នុងសង្គមគ្រានោះក៏ចូលរួមជាមួយគាត់ដែរ អាស្រ័យដូចនេះគាត់ក៏នៅតែអាចរកលុយពីវិនិយោគថ្មីមកដាក់បន្ដបានជាហូរហែរ។ ប្រាក់ដែលអ្នកវិនិយោគបានចូលរួមជាមួយគាត់គាត់មិនដែលបានយកទៅបង្កើតចំនូលអ្វីថ្មីៗ ឬមានប្រភពចំនូលណាច្បាស់លាស់ជូនវិនិយោគនោះទេក្រៅតែពីការបង្វិលប្រាក់វិនិយោគរបស់ពួកគេដាក់ទៅពួកគេវិញ។ ចំពោះលុយដែលរកបានគាត់បានទិញរបស់រប ប្រណិតៗ ដូចផ្ទះវិឡាដ៏ស្គឹមស្កៃនៅរដ្ឋ Massachusetts និងឡានប្រណិតនៅសម័យនោះមានឈ្មោះថា Locomobile ចំនែកប្រាក់សេសសល់ផ្សេងគាត់បានដាក់នៅធនាគារពេសពេញរដ្ឋ Boston ។
6. ការសង្ស័យ និង ពេលវេលាដាំក្បាលចុះនៃអាជីវកម្មរបស់គាត់
នៅថ្ងៃមួយអ្នកនិពន្ធការសែតផ្នែកហរញ្ញវត្ថុ និងជាអ្នកតាមដានសង្គមក្នុងពេលនោះម្នាក់ គាត់បានបោះពុម្ភផ្សាយឯកសាររបស់គាត់ព័ន្ធនិងលោក Ponzi ពីសេវាហិរញ្ញវត្ថុដែលគាត់បានព្យាយាមផ្សព្វផ្សាយបែបពន្យល់និងដាស់តឿនដល់មនុស្សក្នុងពេលនោះឲបានយល់ពីអ្វីដែលហៅថាការវិនិយោគពិប្រាកដ និងវិធីសាស្ត្រដែលលោក Ponzi រកចំនូលជាប្រាក់ចំនេញបានក្នុងចំនួនដ៏ច្រើនត្រឹមពេលខ្លីជារឿងដែលមិនអាចទៅរួច។ តែជាអកុសលក្នុងគ្រានោះ គាត់ធ្វើឲប៉ះពាល់ដល់លោក Ponzi លោកក៏ប្ដឹងចោទធ្វើឲអ្នកបោះពុម្ភកាសែតត្រូវបង់ប្រាក់សងជំងឺចិត្តរហូតដល់ 500,000 ដុល្លារ(កន្លះលានដុល្លារ) ។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផង មានអ្នកលក់គ្រឿងសង្ហារឹមម្នាក់នៅ Boston គាត់មានឈ្មោះថា Joseph Daniels ដោយបន្ទាប់ពីបានអានការសែតដែលផ្សព្វផ្សាយរួចមកគាត់មានការសង្ស័យនិងមិនទុកចិត្តលើការវិនិយោគរបស់ខ្លួនជាមួយក្រុមរបស់ Ponzi ។ លោក Joseph Daniels បានដាក់ស្នើសុំដកប្រាក់របស់គាត់មកវិញទាំងអស់ភ្លាមៗ ដោយឈប់ធ្វើការវិនិយោគជាមួយក្រុមហ៊ុនតែ Ponzi មិនបានដកអោយក៏ធ្វើឲគាត់ដាក់ពា្យប្ដឹងនៅគ្រានោះ។ ការប្ដឹងរបស់គាត់មិនបានជោគជ័យអ្វីនោះទេ ខាតទាំងពេលវេលាលុយក៏មិនបានមកវិញ តែវាក៏ជាដើមចមដ៏ពិសេសមួយដែលនាំឲមហាជនចាប់ផ្ដើមភ្ញាក់ខ្លួនឡើងថាការវិនិយោគនេះ ការពិតគឺបែបណា? ហើយមិនដល់មួយឆ្នាំសោះលោក Ponzi ដែលជាមនុស្សមានប្រវត្តិមិនល្អហើយ អាចប្រើដើមទុនតែបន្តិចបន្តួចសោះក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័សដែលមិនគួរឲជឿ។ តើវាជារឿងអាចទៅរួចដោយរបៀប បើសិនលោក Ponzi មិនរកប្រាក់តាមវិធីខ្មៅងងឹតនោះ។ នៅថ្ងៃទី 24 កក្កដា ឆ្នាំ 1920 កាសែត Boston Post បានចុះផ្សាយថាលោក Ponzi ពិតជាប្រើវិធីខ្មៅងងឹតដើម្បីបោកប្រាស់សេចក្ដីទុកនៃការដាក់វិនិយោគក្នុងគម្រោងរបស់គាត់ជាមួយសន្យាខ្សល់ ដោយគ្រានោះគ្មានក្រុមហ៊ុនណាអាចធ្វើបាននោះទេលើការវិនិយោគដែលមានអត្រការប្រាក់ខ្ពស់សូម្បីធនាគារពេលនោះបានបង់ការប្រាក់សន្សំជូនអតិថិជនត្រឹមតែ 5%ប៉ុណ្នោះ។
រឿងរ៉ាវដែលគួរឲសង្ស័យនេះបាន ទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគ និងអ្នកតាមដានផ្នែកសង្គមនិងសេដ្ឋកិច្ច មានការសង្ស័យកាន់តែច្រើនឡើងៗ អ្នកនិពន្ទកាសែត Eddie Dunn បានដាក់ការសង្ស័យហើយចាក់ឲក្រុមការងាររបស់តាមដានដើម្បីស្វែងប្រភពដើមនៃរឿងរ៉ាងមកចុះផ្សាយ ហើយអភិបាលរដ្ឋ Massachusetts បានស៊ើបអង្កេតលើរឿងនេះដែរ។
វគ្គនោះប្រាកដជាវនករហើយ គ្រោងគារណ៍បោកប្រាស់នេះអាចនិងរលាយឆាប់ៗ បងប្អូនតាមដានបន្ដរឿងរ៉ាងរបស់លោក Chalres Ponzi ពិតជាសំខាន់ក្នុងសង្គមខ្មែរដែលយើងត្រូវតែតែចេះនិងយល់ដឹងឲបានច្រើនបន្ថែមលើវិធីសាស្ត្របោកប្រាស់នេះ។ ពីរថ្ងៃបន្ទាប់ពោលគឺថ្ងៃទី 26 កក្កដា ឆ្នាំ1920 មានកាសែតមួយទៀតបានចុះផ្សាយពីរឿងរ៉ាងរបស់ Ponzi ដែលដាក់សំនួរពិបាកៗ និងគួរឲសង្ស័យដើម្បីរកវិធីសាស្រ្តដាក់បន្ទុកទៅលើក្រុមហ៊ុនលោក Ponzi ។ កាសែតនេះបានទាក់ទង Clarence Barron ដែលជាអ្នកនិពន្ធឯកទេសនិងជំនាញផ្នែកហិរញ្ញវត្ថុផងដែរនុះ ហើយគាត់ក៏ជាអ្នកធ្វើការឲកាសែត Dow Jones & Company ដើម្បីពិនិត្យមើលគម្រោងរបស់ Ponzi។ អ្នកការសែត Clarence Barron រូបនោះបានរកឃើញថាទោះជាក្រុម Ponzi គាត់បានផ្ដល់ប្រាក់វិនិយោគយ៉ាងច្រើនទៅដៃគួតែគាត់មិនបានរៀបចំក្រុមហ៊ុនឲបានសម្យរមនិងមានប្រពន្ធហិរញ្ញវត្ថុត្រឹមត្រូវនោះទេ មួយវិញទៀតគាត់ក៏មិនបានយកលុយនោះទៅវិនិយោគបង្កើតចំនូលបន្ទាប់ទៀតដែរ។ Barron បានស្រាវជ្រាវឃើញថានៅពេលនោះប្រាក់របស់លោក Ponzi មានកំណើនដល់ទៅ 160 លានដុល្លារដែលស្រមជាមួយការវិនិយោគរបស់គាត់ដែលថាធ្វើការទិញលក់ប័ណ្ណ IRC ក្នុងគោលដៅរកផលចំនេញនោះមិនបានកើតឡើងនោះទេព្រោះថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងនៅគ្រានោះបោះមានតម្លៃស្មើហើយការចរាចរណ៍បណ្ណប្រៃសនីយ៍ទៀតសោត គឺមិនមានចំនួនដែលបានបោះពុម្ភចេញរហូតដល់កំរិតនោះដែរ។ អ្នកអ្នកនិពន្ធដដែលក៏បានចោទថា វាជារឿងអសីលធម៌ណាស់ដែលរដ្ឋមិនបានជួយពលរដ្ឋហើយទុកឱកាសឲលោក Ponzi ដើរបោកប្រាស់គេតាមតែអំពើរចិត្ត។ ការចុះផ្សាយនេះដែរ បានធ្វើឲមានភាពភ័យស្លន់ស្លោដល់ហាជនដែលបានចូលរូមក្នុងការវិនិយោគនេះ ម្នាក់ៗចាប់ផ្ដើមកាន់តែបារម្ភចំពោះសាច់ប្រាក់ដែលពួកគេបានដាក់វិនិយោគ។ យ៉ាងណាមិញលោក Ponzi ក៏បានធ្វើយុទ្ធនាការមួយផងដែរដើម្បីចាក់ការរឿងនោះ លោកបានខិតនិយាយបញ្ចុះបញ្ចូលនិងដើរគៀងគប្រកាសដល់អ្នកនៅក្នុងតំបន់ ដោយជូនជាកាហ្វេ និងនំសម្រាប់ពិសារហើយផ្សព្វកមឲមានការភ័យស្លន់ស្លោនិងកុំបារម្ភពីសាច់ប្រាក់ ព្រោះវាមានសុវត្តិភាពណាស់ដែលនៅជាមួយគាត់ព្រោះគាត់មានទាំងកិត្តិយស មានទាំងសាច់ប្រាក់មានទាំងអ្នករាប់អានធំៗ គ្មានអ្វីដែលគាត់បានលើញើសឈាមរបស់ប្រជាជនរួមជាតិខ្លួនឯងដោយអំពើរស្មោគក្រោគនោះទេ។ ហើយក៏មិនចាំបាច់បោះបោរដែរ គាត់អាចដោះស្រាយបានគាត់រកស៊ីមកតាំងបាតដៃទទេមក ដលើចំនុចនេះមិនមែនគាត់មិនចេះទេ គាត់អាចមើលឃើញអានាគត់ដ៏ល្អរបស់មនុស្សគ្រប់គ្នាទើបគាត់រកស៊ីត្រូវ។ ហើយប៉ុន្នឹងទៅហើយអត់ជឿជាក់ទៅជើលើកាសែត ញុះញង់ឲបែកបាត់គ្នាបាត់ទាំងប្រាក់ចំនេញធ្វើអ្វី?
ចូលដល់រឿងក្ដៅទៀតហើយ ឃ្លានេះបើបងប្អូនសាកស្រមៃមកកាន់កម្ពុជាតាំងពីឆ្នាំ 2005 មកខ្ញុំបានមើលឃើញរឿងដដែលហើយដូចគ្នានេះច្រើនលើកច្រើនសារ ដែលមនុស្សណាម្នាក់គាត់ជាអ្នកមានឥទ្ធិពលក្នុងតំបន់រស់នៅរបស់យើង អះអាងថាខ្លួនមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំណាម្នាក់ ឬមានតួនាទីជាអ្វីមួយដែលខ្ពង់ខ្ពង់គាត់និងនិយាយ មកយើងឲជឿនូវអ្វីដែលគាត់ព្យាយាមពន្យល់នោះដើម្បីទាញយកសេចក្ដីទុកចិត្ត ឬលោងលោមយើងហើយទុកពេលឲយើងពិចារណានូវរឿងរ៉ាងដែលបានកើតឡើងដោយមិនផ្ដល់លទ្ធផលនៃដំណោះស្រាយភ្លាមៗឲបានចប់រឿងមកយើងនោះទេ។ ការនេះទៀតសោតជាវិធីសាស្រ្តរំងាប់ផ្លូវចិត្តដ៏ស័ក្កសិទ្ធីមួយដោយសារតែ ប្រជាជនខ្មែរភាគច្រើនមិនមានកាយល់ដឹងដល់កំរិតដែលអាចវិភាគហេតុការអនាគត់នូវរឿងដែលកំពុងតើតឡើងបានក៏មកពីហេតុផលខ្វះប្រភពស្រាវជ្រាវ។ ឬដោយសារពលរដ្ឋខ្មែរខ្លាចអំណាចអ្នកធំផង ហើយមួយទៀតនោះយើងក៏ខ្វះការទុកគ្នាឯង ដែលនាំឲម្នាក់ៗនិងគិតថា បើយើងចេញមុខពិតជាយើងម្នាក់ឯងដែលជាប់ទោស ហើយបើចេញមុខតិចល អាមួយនោះអត់ចេញមុខផង គិតមេចវិញ មិនរងកម្មម្នាក់ឯង?ឈប់ឈឺចាប់រឿងចាញ់បោកគេទៅ កុំដាក់អារម្មណ៍ពេកឥឡូវចូលមកសាច់រឿងរបស់ Ponzi មេបោកក្នុងប្រវត្តិដ៏ធំនេះវិញ ។ មកដល់ថ្ងៃទី 2 ខែ មេសា ឆ្នាំ 1920 មានអ្នកកាសែតដែលបោះផ្សាយផ្នែកជំនាញហិរញ្ញវត្ថុបានរកឃើញភស្តុតាងខ្លះដែលអាចបញ្ជាក់ថាលោក Ponzi ជាមេបោកដែលប្រើយុទ្ធសាស្រ្ត "robbing Peter to pay Paul" (ពន្យល់ខ្លីពីពាក្យនេះឡើងវិញគឺ ចោរបានប្លន់លុយពី Petter រួចយកទៅអោយ Paul) ។ ចំណែករឿងនៅក្នុងធនាគារដែលលោកបានដាក់ប្រាក់ក្នុងរដ្ឋ Massachusetts វិញប្រធានធនាគារបានចាត់តាំងមនុស្សពីរនាក់ឲធ្វើការស្រាវជ្រាវ ពីប្រវត្តិប្រាក់សន្សំនិងតាមដានគណនីធនាគាររបស់ Ponzi ទាំងអស់ដោយហ្មតចត់។ សូម្បីតែរឿងរ៉ាវនៅក្នុងធនាគារផ្សេងដែលគាត់បានដាក់ប្រាក់ក៏ពូកគេបានឆែកពីបញ្ហារបស់ Ponzi នេះដែរ។ នៅក្នុងសម័យកាលនោះការអនុវត្តន៍គោលការណ៍លុយខ្មៅមិនទាន់មានការអនុវត្តន៍បានល្អប្រសើរ ហើយប្រព័ន្ធនៃការលុបបំបាត់លាងលុយខ្មៅក៏មិនទាន់មានប្រសិទ្ធភាពប៉ុន្មានដែរ។ នេះជាហេតុដែលនាំឲការស៊ើបអង្កេតប្រើពេលយូរហើយ ពិបាកក្នុងការតាមដានហិរញ្ញវត្ថុខ្មៅតែយ៉ាងណាមិណនេះជាអវសាននៃសេដ្ឋីប្រាក់លានក្លែងក្លាយ។
រហូតដល់មួយសប្ដាហ៍កន្លងមកការស៊ើបអង្កេតក៏បានរកឃើញថាលោក Ponzi ពាក់ព័ន្ធនិងរឿងឆបោទ នឹងរឿងក្លេងបន្លំរហូតដល់ 86 ករណី។ ដែលត្រូវបានចោទប្រកាន់ដោយចៅក្រមលោក Clarence Hale ហើយគាត់ត្រូវបានគេកាត់ទោសឲជាប់ពន្ធធនាគារអស់មួយជីវិត។ តែក្រោយមកការជាប់គុករបស់គាត់បានតែប្រមាណ 3ឆ្នាំ គាត់អាចដោះស្រាយបញ្ហាបានដោយរឿងក្ដីនោះគេរកឃើញថាគាត់មានទោសក្នុងកំរិតមួយដែលអាចជាប់ទោសប្រមាណ ៣ ឆ្នាំ ។ ការរួចខ្លួនមិនបានយូរទេភ្លាមៗនោះ មេធាវីរបស់គាត់និងរដ្ឋ Massachusetts បានប្ដឹងគាត់បន្ថែមលើករណីផ្សេងគ្នាទៀតចំនួន 5ករណី និង 7 ករណីផ្សេងទៀតក្នុងសំនុំរឿង ក្លែងបន្លំឯកសារហិរញ្ញវត្ថុ និងការឆបោក។ លើកនេះគាត់បានជាប់ទោសសរុប 9 ឆ្នាំបន្ថែម។
7. ជីវិតចុងក្រោយរបស់លោក Ponzi
ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ អ្វីៗដែលគាត់រកបានលើញើសឈាមអ្នកដទៃក៏ត្រូវបានគេដកហូត និងរស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង ។ ជីវិតចុងក្រោយនៃសេចក្ដីស្លាប់ក្នុងអាយុ 67 ឆ្នាំលោកបានធ្វើការជាអ្នកអ្នកប្រែហើយដោយកាន់តែមានអាយុច្រើនផងនោះ គារទទួលរងនូវជំងឺប្រចាំកាយយ៉ាងច្រើនដូចជា ជំងឺខ្សោយបេះដូង ជំងឺសរសរសៃឈាមខួក្បាល និងគាត់មានអការៈស្វិតដៃជើង ធំងឺនេះបានរុករានរាងកាយគាត់តាំងពីឆ្នាំ 1941 ដែលគាត់រស់យ៉ាងភាពលំបាក ហើយការងារជាអ្នកបកប្រែគាត់ក៏មិនបានធ្វើជាប់លាប់ដែរ បានព្រឹកខ្វះល្ងាច។ Ponzi បានស្លាប់នៅក្នុងមន្ទីរពេទ្យសប្បុរសធម៌ក្នុងទីក្រុង Rio de Janeiro មន្ទីរពេទ្យ São Francisco de Assis នៅថ្ងៃទី 18 ខែមករា ឆ្នាំ 1949។
8. សេចក្ដីសង្កេបនិងការពន្យល់លំអិតពីរិធីសាស្រ្តបោកប្រាស់ Ponzi Scheme
យើងបានសិក្សាររួចមកហើយពីសាច់រឿងខ្លះៗ របស់លោក Chalres Ponzi ដែលជាមេឆបបោកដ៏ធំក្នុងប្រវត្តិសាស្រ្ត តាំងពី ជាង 100 ឆ្នាំមុនមកម្លេះ។ ហើយវីធីសសាស្រ្តនៃការឆបោកនេះផងដែរត្រូវបានគេយកមកអនុវត្តន៍តាមរៀនតាមបានជោគជ័យជាច្រើមមកដែរ អ្នកខ្លះក៏ជោគជ័យយូរអង្វេងអ្នកខ្លះក៏ត្រូវជាប់ទោសជាហូរហែរ ហើយក្បូននេះត្រូវបានប្រើពេសពេញភិពភលោកមកទល់សព្វថ្ងៃ ពិសេសក្នុងប្រទេសដែលកំពុងអភិវឌ្យន៍។
Ponzi Scheme គឺត្រូវបានគេដាក់ឈ្មោះតាមពាណិជ្ជករអ៊ីតាលីម្នាក់ឈ្មោះ Charles Ponzi ដែលបានបង្កើតគម្រោងការបោកប្រាស់តាមរយៈ ការបង្កើតគម្រោងវិនិយោគមួយ ហើយខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមវិនិយោគជាមួយខ្លួន ឱ្យបានកាន់តែច្រើននាក់ ព្រោះគម្រោងវិនិយោគនេះ អាចរីកចម្រើនតាមរយៈការប្រមូលទុនអ្នកវិនិយោគ។ បន្ទាប់ពីបានប្រមូលទុនដែលបានពីអ្នកវិនិយោគថ្មីៗ ពួកគេនឹងយកភាគលាភមួយផ្នែកតូចមកចែកឱ្យអ្នកវិនិយោគចាស់ៗ ហើយបន្ទាប់ពីនោះ អ្នកវិនិយោគគ្រប់រូបដែលបានចូលរួម ត្រូវខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមកាន់តែច្រើន ដើម្បីអាចទទួលបានភាគលាភកាន់តែច្រើនផងដែរ នៅគ្រាមួយដែលពួកគេមិនអាចស្វែងរកអ្នកវិនិយោគថ្មីៗមកចូលរួមជាមួយ គម្រោងវិនិយោគនោះនឹងដួលរលំ ដែលនឹងធ្វើឱ្យអ្នកចូលរួមវិនិយោគជាច្រើនខាតបង់ប្រាក់ជាច្រើន។
អ្វីដែលគម្រោងការណ៍ Ponzi ធ្វើក្នុងការបោកប្រាស់នោះគឺ អ្នកបោកប្រាស់ត្រូវធ្វើយ៉ាងណាឲខ្លួនគេ ត្រូវបានទទួលស្គាល់នៅក្នុងសង្គមជាមុនសិន និងរកខ្នងបង្អែកដែលធំទុកចិត្តបានមកកាពារ មួយវិញទៀតជ្រើសរើសមនុស្សដើរតាមដែលមានឥទ្ធិពល។ ក្រោយមកគេត្រូវចេញយុទ្ធនាការបោកដោយរកអ្នកវិនិយោគចូលរួមក្នុងការសន្យាថាអាចបានការប្រាក់ខ្ពស់ មានចំនេញច្រើន រស់នៅសុខសាន ភាពស៊ីវិល័យ សម្ភារៈនិយមជាដើម។ ស្រមជាមួយគ្នាមនុស្សខ្ចិលគិតខ្លីនិងលោភលន់ផងនោះងាយធ្លាក់ចូលអន្ទាក់នេះណាស់។ បន្ទាប់ពីបានប្រាក់ពីការវិនិយោគរួចហើយគេ បានយកមកធ្វើការផ្សព្វផ្សាយក្រុមរបស់ពួកគេបន្ថែមឬដើរចងសម្ព័ន្ធភាពជាមួយមនុស្សដែលមានអំណាចនិងឥទ្ធិពលដើម្បីគេអាចពង្រីកខ្លួនបន្ថែមឲបានកាន់តែឆាប់រហ័សជាងមុន។ លុះដល់ថ្ងៃសន្យា គេបានយកលុយមួយចំណែកតូចដែលបានពីអ្នកដាក់លុយសងត្រឡប់ទៅអ្នកដាក់លុយវិញ គ្រោងការនេះនិងកើតឡើងដដែលៗមិនចេះចង់មិនចេះហើយ ឲតែនៅមានអ្នកដាក់លុយចូល។
9. សេចក្ដីបញ្ចប់ និងលំអិតខ្លឹមសារយោបល់
យើងងាយស្រួលចាប់បាននោះទេ បើសិនជាយើងធ្លាប់បានសិក្សាស្វែងយល់ខ្លះៗថា អ្វីជាការវិនិយោគ។ មនុស្សឆ្លាតមិនមែនជាប្រភេទមនុស្សដែលគិតតែផលប្រយោជន៍ចង់មានចង់បាន ដោយមិនគិតពីហានិភ័យនោះទេ ហើយទាមទាចង់បានលទ្ធផលត្រឹមរយះពេលខ្លីទេ ព្រោះចិត្តដែលលោភលន់ងាយធ្វើឲយើងបាត់បង់បំផុត។ មនុស្សឆ្លាតក្នុងការវិនិយោគជាប្រភេទនៃអ្នកឈរលើគោលការណ៍ប្រាកដប្រជានិយម និងផ្ដោតលើគោលដៅសម្យហេតុផលតាមសេដ្ឋកិច្ច សង្គម នយោបាយ បូករួមជាមួយចំណេះដឹង និងការប្រព្រឹត្តិធ្វើដោយភាពវៃឆ្លាត ពិសេសមិនធ្វើឲប៉ះពាល់ដល់អ្នកណាម្នាក់។
ចំពោះលក្ខណៈសំគាល់សំខាន់ៗនៃគម្រោងការបោកប្រាស់ Ponzi Scheme អាចមានជាច្រើនចំណុចគួរឱ្យសង្ស័យរួមមាន៖
១. ធានាប្រាក់ចំណេញខ្ពស់ ជាមួយនឹងអត្រាហានិភ័យទាប ឬមិនមានហានិភ័យតែម្ដង។ ត្រូវចាំថាការវិនិយោគពិតប្រាកដកម្រមានការធានាហានិភ័យ១០០%ណាស់ ព្រោះរកស៊ី វិនិយោគតិចឬច្រើនតែងមានហានិភ័យជានិច្ច។
២. ក្រុមហ៊ុនវិនិយោគមិនបានចុះបញ្ជី ឬមិនមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានា។ តែទម្រង់ថ្មីនៃការបោកកាន់តែចូលមកដល់សម័យទំនើប និងប្រព័ន្ធច្បាប់លំអៀងផងនោះ ពេលខ្លះគឺមានឯកសារគ្រប់គ្រាន់តាមច្បាប់។
៣. យុទ្ធសាស្ត្រវិនិយោគរបស់គេមានភាពស្មុគស្មាញពិបាកយល់ និងមិនសូវមានព័ត៌មានគ្រប់គ្រាន់ពេញលេញ
៤. សាំញ៉ាំ ស្មុគស្មាញ រាល់ពេលដែលអ្នកវិនិយោគចង់ធ្វើការដកប្រាក់ចេញ ព្រោះគោលដៅពួកគេមិនចង់ឱ្យមានអ្នកវិនិយោគណាម្នាក់ដកប្រាក់ចេញនោះទេ។ ដូច្នេះគេក៏សន្យាផ្ដល់ផលចំណេញកាន់តែខ្ពស់ ជាថ្នូរនឹងការបន្តរក្សាប្រាក់វិនិយោគសិន។
៥. មិនមានលិខិតបញ្ជីស្នាមច្បាស់លាស់ត្រឹមត្រូវ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុជាដើម។
ចំណុចទាំង ៥ខាងលើនេះ គ្រាន់តែជាចំណុចសំគាល់មួយចំនួនតែប៉ុណ្ណោះ ហើយវានៅមានចំណុចសង្ស័យជាច្រើនទៀត។ គម្រោងវិនិយោគបោកប្រាស់ Ponzi Scheme ក៏ត្រូវបានគេបំប្លែងជាច្រើនទម្រង់ ប្រើក្នុងគម្រោងវិនិយោគវិស័យនានាជាច្រើនផងដែរ។
ហើយក្នុងការបោកប្រាស់ក៏មានទម្រង់ផ្សេងៗ គ្នាជាច្រើនផងដែរដែលលោកអ្នកគួរតែប្រុងប្រយ័ត្ន និងសិក្សាឲបានលំអិតពីអ្វីដែលហៅថាការវិនិយោគ អ្វីដែលហៅថាការសន្សំ ឲបានច្បាស់លាស់ដើម្បីកុំឲធ្លាក់ចូលអង្ទាក់ងាយៗ កាន់តែពិសេសកុំលោភលន់នោះជីវិតជោគជ័យពិតប្រាកដ។ ខាងក្រោមនេះគឺជាវីធីសាស្រ្តផ្សេងៗទៀតដែលជនឈ្លៀតឱកាស និងអ្នកបង្រៀនជោគជ័យក្រៅសាលាបានយកមកបង្រៀនដល់មនុស្សទូទៅដែលគាត់ពុំបានសិក្សាច្បាស់លាស់ពីហិរញ្ញវត្ថុ និងការដឹកនាំរួមមាន៖
- Pyramid scheme
- Cryptocurrency
- Economic bubble
- Exit scam
ខ្ញុំសុំមិនបានអធិប្បាយបន្ថែមលើវិធីសាស្រ្តបោកតាមបួនរបៀបខាងក្រោមទេ ចាំពេលក្រោមខ្ញុំនិងចេញអត្ថបទសិក្សាថ្មីពីចំនុចនេះលំអិតជូន។ សរុបរួមវីធីសាស្រ្តបោកប្រាស់នេះត្រូវបានគេប្រើមកទល់សព្វថ្ងៃហើយពេលខ្លះកែបានកែប្រែទម្រង់បោកប្រាស់នេះទៅជារួបភាពនៃការវិនិយោគផ្សេងមួយទៀតដែលពួកគេបានសន្មិតឃើញថា វាជារឿងដែលងាយស្រួលបោកហើយអ្នកស្ដាប់ងាយស្រួលជឿលង់។
អរគុណចំពោះការអានដល់ចប់នូវអត្ដបទសិក្សារមួយនេះ សរសេរនិងរៀបរៀងដោយ៖ សុវណ្ណឍិម
អត្ថបទដកស្រង់ចេញពី៖
1. wikipedia ថ្ងៃទី 11-03-2024
2. business-cambodia ថ្ងៃទី 11-03-2024
3. Ask To ChatGPT